១. និយមន័យ
Formalin គឺជាសូលុយស្យុងថ្លានៃហ្វ័រម៉ាល់ដេអ៉ីត និងមេតាណុល ហើយត្រូវបានគេប្រើប្រាស់ជាភ្នាក់ងារ រក្សាទុក សាច់អោយនៅស្រស់និងប្រើជាសារធាតុសម្លាប់មេរោគ។ សារធាតុនេះត្រូវបានគេហាមមិនឱ្យប្រើប្រាស់ក្នុងម្ហូបអាហារ ។

២. ផលប៉ះពាល់ដល់សុខភាព
Formalin ជាសារធាតុគីមីបង្កគ្រោះថ្នាក់ដល់សុខភាព បើយើងបរិភោគអាហារដែលមានផ្ទុកសារធាតុនេះច្រើន អាចបណ្តាល ឱ្យឈឺពោះខ្លាំង ក្អួត រាគរូស សន្លប់បាត់ស្មារតី ឬ ស្លាប់បាន ។ Formalin ជាសារធាតុ ដែលអាចបណ្តាលអោយ ខូចតម្រងនោម ប្រតិកម្មចំណីអាហារ (Food Allergy) និងបង្កជាជម្ងឺមហារីក ។

៣. គោលបំណងនៃការវិភាគ
វិធីសាស្ត្រវិភាគនេះ ប្រើសម្រាប់រកវត្តមានសារធាតុ Formalin នៅក្នុងអាហារសមុទ្រស្រស់ដែលត្រាំទឹក ដោយការតេស្តឃីត (Test Kit for Formalin in Food) ។

៤. វិសាលភាពនៃការវិភាគ
តេស្តឃីតនេះអាចវិភាគរកវត្តមានសារធាតុ Formalin នៅក្នុងម្ហូបអាហារ ដូចជា អាហារសមុទ្រស្រស់ដែល ត្រាំទឹក (មឹក បង្គា ត្រី) និងប្រភេទសាច់នានា (សាច់គោ សាច់ជ្រូក សាច់មាន់ បង្គាក្រៀម យីហ៊ឺ ប្រហុក ផ្អក ។ល។) ។ កម្រិតដែលអាចវិភាគរកឃើញចាប់ពី 0.5 mg/kg ។

៥. ប្រតិករគីមី និងសម្ភារៈ
– ដបប្រតិករតេស្តរកសារធាតុ Formalin លេខ ១
(ចំនួន ០១)
– ដបប្រតិករតេស្តរកសារធាតុ Formalin លេខ ២
(ចំនួន ០១)
– ដបប្រតិករតេស្តរកសារធាតុ Formalin លេខ ៣
(ចំនួន ០១)
👉ចំណាំ៖
– ប្រសិនបើប្រតិករប៉ះពាល់ស្បែក ត្រូវដុសលាងដោយទឹក និងសាប៊ូ
– ប្រតិករតេស្តលេខ៣ គឺជាអាស៊ីត
– រក្សាទុកប្រតិករគីមី និងសម្ភារៈឱ្យឆ្ងាយពីដៃក្មេង

៦. នីតិវិធីវិភាគ
សំណាកគំរូវិភាគបែងចែកជា ២ គឺ សំណាកគំរូវិភាគរាវ និងសំណាកគំរូវិភាគរឹង ។

⁃ សំណាកគំរូវិភាគរាវ៖ ចាក់ទឹករបស់សំណាកគំរូវិភាគចូលក្នុង ដបប្រតិករតេស្ត Formalin លេខ ១ ប្រហែល 1/3 នៃដប រួចបិទគំរបឱ្យជិត ហើយក្រឡុកវាឱ្យរលាយម្សៅប្រតិករ
⁃ សំណាកគំរូវិភាគរឹង៖ បន្ថែមទឹកបិតប្រហែល 10 mL ត្រាំសំណាកគំរូ រួចចាក់ផ្ទេរទឹកនោះចូលក្នុងដប ប្រតិករតេស្ត Formalin លេខ ១ ប្រហែល 1/3 នៃដប រួចបិទគំរបឲ្យបានជិត ហើយក្រឡុក វាឲ្យរលាយម្សៅប្រតិករ
⁃ ចាក់ផ្ទេរសូលុយស្យុងទាំងអស់ពីដប លេខ ១ ទៅក្នុងដបប្រតិករតេស្តFormalin លេខ ២ រួចបិទឲ្យជិត ហើយ ក្រឡុកវាឱ្យ សព្វល្អ
⁃ ចាក់ល្បាយទាំងអស់ពីដបលេខ ២ ចូលទៅក្នុងដបប្រតិករតេស្ត Formalin លេខ៣ បិទគំរបឲ្យជិតល្អ ក្រឡុកឲ្យសព្វ រួចពិនិត្យ មើលពណ៌សូលុយស្យុង

៧. ការបកស្រាយលទ្ធផល
– ប្រសិនបើសូលុយស្យុង ក្នុងដបប្រតិករតេស្ត Formalin លេខ ៣ ប្តូរពណ៌ទៅជា ពណ៌ផ្កាឈូក ឬពណ៌ក្រហម មានន័យថា សំណាកគំរូវិភាគមានវត្តមានសារធាតុ Formalin
– ប្រសិនបើសូលុយស្យុងក្នុងដបប្រតិករតេស្ត Formalin លេខ ៣ មិនមានប្តូរពណ៌ទេ មានន័យថា សំណាកគំរូវិភាគ មិនមានវត្តមានសារធាតុ Formalin ។