ប្រតិកម្ម រវាង កាល់ស្យូមកាបូ (ថ្មស្អុយ) ជាមួយទឹក ទទួលបាន កាល់ស្យូមអុីដ្រុកសុីត និង ឧស្ម័នអាសេទីឡែន ដែលមានសមីការ ៖
CaC₂ + 2H₂O → Ca (OH)₂ + C₂H₂

ហេតុអ្វីបានជាការធ្វើប្រតិកម្មនេះគេអាចយកទៅបន្ទុំផ្លែឈើបានយ៉ាងល្អ?

បើយើងយកស្វាយទុំមួយផ្លែ ដាក់ក្បែរស្វាយមិនទាន់ទុំមួយកេស នោះស្វាយទាំងនោះនឹងទុំព្រមៗគ្នា និងទុំបានលឿនល្អ។ ហេតុអ្វី? ជាធម្មតានៅពេលផ្លែឈើទុំវាបញ្ចេញឧស្ម័នធម្មជាតិមួយឈ្មោះថា អេទែន (ethene) ឬអេទីឡែន (ethylene) ដែលវាដើរតួជាអរម៉ូនជំរុញឲ្យផ្លែឈើផ្សេងៗទៀតដែលនៅក្បែរទុំតាមដែរ។

ប៉ុន្ដែដើម្បីបង្ខំអោយផ្លែឈើទុំកាន់តែលឿនជាងនេះទៀត មនុស្សភាគបានប្រើវិធីសាស្រ្តបន្ទុំសិប្បនិម្មិតដោយការប្រើថ្មស្អុយ (គីមីវិទ្យាហៅថា កាល់ស្យូមកាបួ(CaC2) ។ ថ្មស្អុយពេលយកវាទៅលាយទឹក វាប្រតិកម្មជាមួយទឹកបញ្ចេញសារធាតុគីមីម្យ៉ាងហៅថាអេទីន(ethyne) ឬអាសេទីឡែន (acethylene) វាស្រដៀងទៅនឹងអេទែន (ethene) ឬអេទីឡែន (ethylene) ដែរ ហើយវាអាចជួយឲ្យផ្លែឈើឆាប់ទុំបានលឿនជាងមុន និងទុំបានស្មើគ្នាល្អ។ តែការបន្ទុំបែបនេះ ធ្វើឲ្យប៉ះពាល់ដល់រសជាតិ និងក្លិនរបស់ផ្លែឈើ។

តើការប្រើវិធីសាស្រ្តបន្ទុំសិប្បនិម្មិតដោយការប្រើថ្មស្អុយប៉ះពាល់សុខភាពទេ??
យោងទៅតាមការសិក្សារបស់អ្នកវិទ្យាសាស្រ្ដបានឲ្យដឹងថា ការប្រើប្រាស់ថ្មស្អុយនៅក្នុងការបន្ទុំផ្លែឈើអាចផ្តល់ផលប៉ះពាល់ដល់សុខភាពរយៈពេលវែងដូចជា ធ្វើឲ្យមានបញ្ហាដល់ បេះដូង និងមហារីក ។ ចំពោះការប៉ះពាល់ផ្ទាល់នឹងថ្មស្អុយ ធ្វើឲ្យមានការរលាកស្បែកថែមទៀតផង។ ដោយសារក្នុងថ្មស្អុយ មានសមាសធាតុមិនសុទ្ធ ដូចជា អាសេនិច (Arsenic) រួមទាំងសារធាតុមានគ្រោះថ្នាក់ផ្សេងៗទៀត។

នៅប្រទេសមួយចំនួន ការបន្ទុំផ្លែឈើដោយប្រើប្រាស់ថ្មស្អុយ គឺត្រូវបានច្បាប់ហាមឃាត់។ ដូច្នេះ សូមជៀសវាងនូវការប្រើប្រាស់ ថ្មស្អុយ ដើម្បីបន្ទុំផ្លែឈើព្រោះវាអាចប៉ះពាល់សុខភាពអ្នកទាំងអស់គ្នា។