គីមីវិទ្យា គឺជាមុខវិជ្ជាវិទ្យាសាស្រ្ដពិតដែលសិក្សាអំពីលក្ខណៈទូទៅដូចជា លក្ខណៈសម្បត្តិ សមាសភាព រចនាសម្ព័ន្ធនៃធាតុ ការបំប្លែង និងថាមពលដែលកើតឡើងក្នុងសកលលោក។ ហើយក៏ជាមុខវិជ្ជាមួយដែលធ្វើការសិក្សាលម្អិតអំពី:
-សមាសធាតុ
-ទម្រង់
-មុខងារ
-និងសកម្មភាពក្នុងប្រតិកម្មគីមីមួយ របស់រូបធាតុទាំងឡាយនោះ។
🌡គីមីវិទ្យា ត្រូវសិក្សាជាច្រើនផ្នែកដូចជា: គីមីវិភាគ គីមីសរីរាង្គ គីមីអសរីរាង្គ គីមីជីវៈ គីមីទូទៅ គីមីរូប គីមីកសិកម្ម គីមីប៉ូលីម៉ែរ គីមីឧស្សាហកម្មជាដើម។

អ្នកប្រហែលជាគិតថាគីមីសាស្ត្រមានតែនៅក្នុងការធ្វើតេស្តមន្ទីរពិសោធន៍ សារធាតុបន្ថែមអាហារ ឬសារធាតុគ្រោះថ្នាក់ប៉ុណ្ណោះ ប៉ុន្តែតាមពិតទៅផ្នែកគីមីវិទ្យាពាក់ព័ន្ធនឹងអ្វីៗទាំងអស់ជុំវិញខ្លួនយើង។ “អ្វីគ្រប់យ៉ាងដែលអ្នកឮ ឃើញ ក្លិន រសជាតិ និងការប៉ះគឺពាក់ព័ន្ធនឹងគីមីសាស្ត្រ និងសារធាតុគីមី (រូបធាតុ)។ ហើយការស្តាប់ ការមើលឃើញ ការភ្លក់ និងការប៉ះទាំងអស់ ពាក់ព័ន្ធនឹងប្រតិកម្មគីមី និងអន្តរកម្មដ៏ស្មុគស្មាញនៅក្នុងខ្លួនរបស់អ្នក។”

ដូច្នេះ ទោះបីជាអ្នកមិនមែនជាអ្នកវិទ្យាសាស្រ្ដគីមីវិទ្យាក៏ដោយ ក៏អ្នកកំពុងធ្វើគីមីសាស្រ្ដ ឬអ្វីមួយដែលពាក់ព័ន្ធនឹងគីមីវិទ្យាដែរ។ ក្នុងជីវិតប្រចាំថ្ងៃ អ្នកធ្វើគីមីសាស្ត្រ ពេលអ្នកធ្វើម្ហូប នៅពេលអ្នកប្រើទឹកសម្អាតជូតសម្អាត ពេលដែលអ្នកលេបថ្នាំ ទាំងអស់នេះសុទ្ធតែជាបាតុភូតនៃប្រតិកម្មក្នុងគីមីវិទ្យា។